ជ្រើសរើសភាសា: Khmer Khmer English English
រយៈពេល៣ថ្ងៃនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋជាង ២៦ម៉ឺននាក់ មកលេងកម្សាន្ត នៅខេត្តស្ទឹងត្រែង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ ២០២៥

ស្ទឹងត្រែង ៖ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ព្រមទាំង បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធី ស្ទឹងត្រែង សង្ក្រាន្ត ក្នុងខេត្តស្ទឹងត្រែង មានចំនួន  ២៦១,៧៤៥ នាក់ ក្នុងនោះទេសចរបរទេសចំនួន ១០៦ នាក់។

ក្នុងនោះបើតាមការឲ្យដឹងពី លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា.សម្រាប់ខេត្តស្ទឹងត្រែង ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  ២០២៥នេះ បើប្រៀបធៀបកាលពី ២០២៤ កំណើនមានការកើនឡើងចំនួន ១៥២,១៥៣ នាក់ ស្មើនិង១៣៩% ។

ដោយក្នុងនោះ រយៈពេល៣ថ្ងៃនេះដែរកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្ទឹងត្រែង បានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរផងដែរ។

គួររំលឹកប្រសាសន៍ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុង ឱកាសប្រារព្ធពិធី ស្ទឹងត្រែង សង្រ្កាន្ត នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា . រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានភាពស្វាហាប់ រឹងមាំ និងខ្លាំងក្លា ពីមួយឆ្នាំទៅមួយឆ្នាំ ,ពីមួយអាណត្ដិទៅមួយអាណត្ដិ ,ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែឧត្តុង្គឧត្តមនិងរុងរឿង សំបូរសប្បាយ។

ឯកឧត្តមបានបន្តថា. ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយសសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ ស្ទឹងត្រែង សង្ក្រាន្តរយៈពេល៣ថ្ងៃនេះ ដែលធ្វើឲ្យពិធីនេះប្រព្រឹត្តទៅកាន់តែមានភាពអធិកអធមក្រៃលែង។

ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្ដែងនូវការអរគុណ និងថ្លែងនូវការកោតសរសើរជូនចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងស្ទឹងត្រែង  ជាពិសេសក្រុមការងារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការរៀបចំ រក្សាការពារនូវសន្តិសុខ សុវត្ថិភាព និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ បង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើឱ្យកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ តាំងពីដើមរហូតដល់ចុងបញ្ចប់ ។

ព័ត៌មានទាក់ទង